របាយការណ៍ស្តីពីជំងឺរបេង ២០២៣

ឆ្នាំ ២០២៣ នេះ ជាឆ្នាំទី៣នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលថ្មី ២០២១-២០៣០ ដែលមានគោលដៅបញ្ចប់ជំងឺរបេង តាមរយៈទិសដៅនិងគំនិតផ្តចផ្តើមសំខាន់ៗ ដែលមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងដៃគូពាក់ព័ន្ធនានាត្រូវអនុវត្ត ដើម្បីសំរេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ
ចីរភាព (SDG) នៅឆ្នាំ ២០៣០ នៅប្រទេសកម្ពុជា។ បន្ថែមពីនេះទៀត កម្មវិធីជាតិកម្ចាត់រោគរបេង បានទទួលការគាំទ្រផ្នែកបច្ចេកទេស និងថវិកាពីដៃគូរអភិវឌ្ឍនានាដូចជា មូលនិធិសកល ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ /អង្គការសុខភាពពិភពលោក និងដៃគូរផ្សេងៗទៀត។ ជំនួយនេះពិតជាសំខាន់ណាស់សម្រាប់កម្មវិធីជាតិដើម្បីបន្តសកម្មភាពសំខាន់ៗរបស់ខ្លួន ដើម្បីឆ្ពោះទៅរកការបញ្ចប់ជំងឺរបេងត្រឹមឆ្នាំ២០៣០ នៅប្រទេសកម្ពុជា។

Document type: